ការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្វ័យប្រវត្តិ
Applicable Industries: គ្រប់វិស័យ

កាលពីថ្ងៃទី ១៤ មិថុនា ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសមួយ ស្ដីពីការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្វ័យប្រវត្តិ។

ប្រកាសនេះ មានគោលបំណងណែនាំអនុវត្តការលើកទឹកចិត្តចំពោះការ​កែ​​តម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត ចំពោះអ្នកជាប់ពន្ធ ឬភ្នាក់​ងារ​កាត់​ទុក ដែលស្នើសុំធ្វើការកែតម្រូវលិខិត​ប្រកាសពន្ធ ដូចមានចែងក្នុងមាត្រា ១១៧ នៃច្បាប់ស្តីពីសារពើពន្ធ។

 អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដែលស្នើសុំកែតម្រូវដោយស្ម័គ្រចិត្តនូវកំហុស​អចេត​នា​ក្នុងការកត់ត្រាបញ្ជិកាគណនេយ្យ និងការប្រកាសបង់ពន្ធ ដែលបណ្តាលមកពីការយល់ដឹងអំពីកាតព្វកិច្ចសារ​ពើ​ពន្ធនៅមានកម្រិត ការធ្វេសប្រហែស ការភាន់ច្រឡំ ឬការភ្លាំងភ្លាត់ ត្រូវទទួលបានការលើកទឹកចិត្តដូចខាងក្រោម៖

១. ការកែតម្រូវមុនពេលមានការចុះធ្វើសវនកម្មពន្ធដារ

ចំពោះការិយបរិច្ឆេទ ដែលមិនទាន់ទទួលរងការចុះធ្វើសវនកម្មពន្ធដារ អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដែលស្ម័គ្រចិត្តចូលខ្លួនមកកែតម្រូវបញ្ជីគណនេយ្យ លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធដែលបានបង់ខ្វះឡើងវិញ អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវទទួលរងពន្ធបន្ថែមចំនួន ១០% និងទទួលបានការអនុគ្រោះបន្ថយការប្រាក់យឺតយ៉ាវដូចខាងក្រោម៖

  • អនុគ្រោះបន្ថយចំនួន ៥០% ចំពោះការប្រាក់យឺតយ៉ាវ ក្នុងករណីដែលការកែតម្រូវនេះធ្វើឡើងក្នុងអំឡុងពេលមិនលើសពី ០៦ ខែ ក្រោយកាលបរិច្ឆេទនៃការដាក់លិខិតប្រកាសពន្ធ
  • អនុគ្រោះបន្ថយចំនួន ២០% ចំពោះការប្រាក់យឺតយ៉ាវ ក្នុងករណីដែលការកែតម្រូវនេះធ្វើឡើងលើសពី ០៦ ខែ ក្រោយកាលបរិច្ឆេទនៃការដាក់លិខិតប្រកាសពន្ធ។

២. ការកែតម្រូវក្នុងអំឡុងពេលទទួលរងការចុះធ្វើសវនកម្មពន្ធដារ

ប្រសិនបើអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកធ្វើការកែតម្រូវលិខិតប្រកាសពន្ធ នៅក្នុងអំឡុងពេលសវនកម្ម គិតចាប់ពីពេលបានទទួលលិខិតជូនដំណឹង ស្តីពីការចុះធ្វើសវនកម្ម អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកត្រូវទទួលរងពន្ធបន្ថែម ១០% និងការប្រាក់យឺតយ៉ាវ ១.៥% តាមមាត្រា១៣១ នៃច្បាប់ស្តីពីសារពើពន្ធ។ អ្នកជាប់ពន្ធឬភ្នាក់ងារ កាត់ទុក​ក៏នឹងត្រូវទទួលរងពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ តាមនីតិវិធីនិងលទ្ធផលនៃការធ្វើសវនកម្មពន្ធដារ តាមមាត្រា១៣០, ១៣១, ១៣២ និង មាត្រា១៣៣ នៃច្បាប់ស្តីពីសារពើពន្ធ។ ក្នុងករណីនេះ ពន្ធបន្ថែម និងការប្រាក់ យឺតយ៉ាវ​ដែលបានបង់រួច មិនអាចកាត់កងជាមួយនឹងពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ ដែលជាលទ្ធផលនៃការធ្វើ​សវនកម្មឡើយ វៀរលែងតែអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកនោះត្រូវបានទទួលរងការធ្វើសវនកម្មលើក​ទី១​ប៉ុណ្ណោះ​។