ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ត្រូវបានបង្កើត មានឯករាជ្យភាពក្នុងការបំពេញមុខងាររបស់ខ្លួន ដោយធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រងនិងត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។
អ.ស.ហ. មានអង្គភាពក្រោមឱវាទជាសេនាធិការដូចខាងក្រោម៖
អគ្គលេខាធិការដ្ឋាន
អគ្គលេខាធិការដ្ឋានបំពេញមុខងារជាសេនាធិការឱ្យអ.ស.ហ.។
និយ័តករធានារ៉ាប់រងកម្ពុជា
និយ័តករធានារ៉ាប់រងកម្ពុជា ត្រូវអនុវត្តសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចមានចែងក្នុងច្បាប់ស្តីការធានារ៉ាប់រងដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៨១៤/០២១ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យធានារ៉ាប់រង។
និយ័តករមូលបត្រកម្ពុជា
គណៈកម្មការមូលបត្រកម្ពុជា ត្រូវបានប្រែក្លាយទៅជានិយ័តករមូលបត្រកម្ពុជា ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ និយ័តករមូលបត្រកម្ពុជា ត្រូវអនុវត្តមុខងាររបស់គណៈកម្មការមូលបត្រកម្ពុជា ដូចមានចែងក្នុងច្បាប់ស្តីពីការបោះផ្សាយនិងការជួញដូរមូលបត្រមហាជនដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យមូលបត្រ។
និយ័តករសន្តិសុខសង្គម
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវបំពេញតួនាទីបន្ថែមជានិយ័តករសន្តិសុខសង្គម ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ និយ័តករសន្តិសុខសង្គម ត្រូវអនុវត្តតួនាទីនិងភារកិច្ច ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/០១៨ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យសន្តិសុខសង្គម។
និយ័តករបរធនបាលកិច្ច
និយ័តករបរធនបាលកិច្ច ត្រូវអនុវត្តសមត្ថកិច្ចរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចមានចែងក្នុងច្បាប់ស្តីពីបរធនបាលកិច្ច ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១១៩/០០២ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យបរធនបាលកិច្ច។
និយ័តករគណនេយ្យនិងសវនកម្ម
ក្រុមប្រឹក្សាជាតិគណនេយ្យ ត្រូវបានប្រែក្លាយទៅជានិយ័តគណនេយ្យនិងសវនកម្ម ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ និយ័តករគណនេយ្យនិងសវនកម្ម ត្រូវអនុវត្តមុខងារនិងភារកិច្ចរបស់ក្រុមប្រឹក្សាជាតិគណនេយ្យ ដូចមានចែងក្នុងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៤១៦/០០៦ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យគណនេយ្យនិងសវនកម្ម។
និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ
និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ត្រូវអនុវត្តតួនាទីនិងភារកិច្ច ដូចមានកំណត់នៅក្នុងមាត្រា៥ នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៧ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៥ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៦ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យអចលវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: