របាយការណ៍ហិរញ្ញវត្ថុ រួមមានរបាយការណ៍នានាដែលត្រូវកំណត់ក្នុងស្តង់ដាគណនេយ្យ។
ក្រៅពីស្ថាប័នសាធារណៈ សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញមានកាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានរួចរាល់ ក្នុងរយៈពេល៣ (បី) ខែយ៉ាងយូរបំផុតគិតពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យនីមួយៗ។
របាយការណ៍ហិរញ្ញវត្ថុ ត្រូវធ្វើជាមូលដ្ឋានសម្រាប់ការបំពេញកាតព្វកិច្ចសារពើពន្ធ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញមានកាតព្វកិច្ចកាន់បញ្ជីគណនេយ្យ។
ស្ថាប័នសាធារណៈមានកាតព្វកិច្ចកាន់បញ្ជីគណនេយ្យ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
ប្រតិបត្តិករគណនេយ្យនីមួយៗ ត្រូវសំអាងលើសក្ខីបត្រគណនេយ្យដែលមានសុពលភាព។
ការិយបរិច្ឆេទគណនេយ្យនីមួយៗ ត្រូវកំណត់រយៈពេលចំនួន ១២ (ដប់ពីរ) ខែដោយគិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់កាលបរិច្ឆេទបិទបញ្ជីគណនេយ្យនៅថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំដដែល។ ចំពោះសហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញដែលបង្កើតឡើងថ្មីការិយបរិច្ឆេទទី១ ត្រូវគិតចាប់ពីកាលបរិច្ឆេទបង្កើតសហគ្រាស ឬអង្គភាពនោះជាផ្លូវការរហូតដល់ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំដដែល។
បញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវធ្វើជាភាសាខ្មែរ និងជាប្រាក់រៀល។ ក្នុងករណីមានកិច្ចប្រតិបត្តិការអន្តរជាតិជាប្រចាំ បញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុអាចអនុញ្ញាតឱ្យធ្វើជាភាសាអង់គ្លេស និងជារូបិយបណ្ណបរទេស អមជាមួយបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ និងប្រាក់រៀល តាមលក្ខខណ្ឌដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសំណើរបស់ក្រុមប្រឹក្សាជាតិគណនេយ្យ។
គ្រប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញមានកាតព្វកិច្ចរក្សាទុករាល់ឯកសារគណនេយ្យរបស់ខ្លួនឱ្យបានគង់វង្សនៅក្នុងរយៈពេលយ៉ាងតិច ១០ (ដប់) ឆ្នាំគិតចាប់ពីកាលបរិច្ឆេទនៃការបង្កើតឯកសារ។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: