ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសស្តីពីសវនកម្មចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០១៧។
ប្រកាសនេះ មានគោលបំណងកំណត់លក្ខខណ្ឌ ដើម្បីទទួលស្គាល់ក្រុមហ៊ុនសវនកម្មដែលធ្វើសវនកម្មគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងកំណត់កាតព្វកិច្ចរបស់ក្រុមហ៊ុនសវនកម្មដែលត្រូវបានទទួលស្គាល់ តទៅនេះហៅថា “ក្រុមហ៊ុន” និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលត្រូវបានធ្វើសវនកម្ម តទៅនេះហៅថា “សវនដ្ឋាន”។
លក្ខខណ្ឌនៃការទទួលស្គាល់
ក្រុមហ៊ុន ដែលមានបំណងធ្វើសវនកម្មលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវដាក់ពាក្យស្នើសុំការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា។
ក្រុមហ៊ុនដែលដាក់ពាក្យស្នើសុំការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ត្រូវមានគុណវុឌ្ឍិ ដូចខាងក្រោម៖
- បានចុះបញ្ជីពាណិជ្ជកម្ម
- ជាសមាជិកវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.)
- មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសវនកម្មពីក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- មានដៃគូសវនកម្ម និងសវនករ ជាសមាជិកសកម្ម នៅ វ.គ.ស.ក. យ៉ាងតិច ០២ (ពីរ) រូបដែលមានគុណវុឌ្ឍិដូចមានចែងក្នុងប្រការ ៧
- មានសកម្មភាពធុរកិច្ចសវនកម្ម និងមានកេរ្តិ៍ឈ្មោះល្អ យ៉ាងតិច ០៣ (បី) ឆ្នាំ គិតមកដល់ថ្ងៃដាក់ពាក្យស្នើសុំ
- មានការពិនិត្យគុណភាពការងារសវនកម្មជាប្រចាំ និង
- បំពេញលក្ខខណ្ឌផ្សេងទៀត ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។
ក្រុមហ៊ុនដែលដាក់ពាក្យស្នើសុំ ត្រូវភ្ជាប់មកជាមួយនូវឯកសារ ដូចខាងក្រោម៖
- សាវតារក្រុមហ៊ុន
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
- វិញ្ញាបនបត្រចុះបញ្ជីជាសមាជិករបស់ វ.គ.ស.ក.
- អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសវនកម្មពីក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បញ្ជីឈ្មោះដៃគូសវនកម្ម និងសវនករដែលជាសមាជិកសកម្មនៅ វ.គ.ស.ក. ដោយភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រចុះឈ្មោះជាសមាជិកសកម្ម លិខិតផ្កោលទោស និងប្រវត្តិរូបដែលមានបញ្ជាក់អំពី គុណវុឌ្ឍិ បទពិសោធន៍ និងរយៈពេលបំពេញការងារ
- នីតិវិធីនៃការធ្វើសវនកម្ម
- ព័ត៌មានស្តីពីការផ្តល់សេវាសវនកម្ម ក្នុងអំឡុងពេល ០៣ (បី) ឆ្នាំ ចុងក្រោយ
- របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសាមីដែលត្រូវបានធ្វើសវនកម្ម ក្នុងរយៈពេល ០៣ (បី) ឆ្នាំចុងក្រោយ និង
- ឯកសារផ្សេងទៀតដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។
ដៃគូសវនកម្ម និងសវនករ ដែលជាសមាជិកសកម្មរបស់ វ.គ.ស.ក. ត្រូវមានគុណវុឌ្ឍិបន្ថែម ដូចខាងក្រោម៖
- ជាបុគ្គលដែលមានលក្ខណៈសម្បត្តិស្របតាមលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវនិងសមស្រប
- បំពេញលក្ខខណ្ឌនៃភាពមិនលំអៀងនិងឯករាជ្យភាព ស្របតាមក្រមសីលធម៌ដែលប្រកាសឲ្យប្រើដោយស្ថាប័នមានសមត្ថកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- មានបទពិសោធន៍យ៉ាងតិច ០៣ (បី) ឆ្នាំ ក្នុងការងារសវនកម្មនៅក្នុងវិស័យធនាគារ និង
- មានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ពាក់ព័ន្ធនឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងការគ្រប់គ្រងហានិភ័យក្នុងវិស័យធនាគារ។
ក្រុមហ៊ុន ត្រូវគោរពតាមបទប្បញ្ញត្តិ ដូចខាងក្រោម៖
- ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិសម្រាប់កម្ពុជា ដែលបានអនុម័តឲ្យប្រើនៅព្រះរាជាណាចក្រកម្ពុជា
- ស្តង់ដារសវនកម្មដែលបានអនុម័តឲ្យប្រើនៅព្រះរាជាណាចក្រកម្ពុជា
- ក្រមសីលធម៌ និង
- ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ។
ក្រុមហ៊ុនដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា មិនត្រូវធ្វើសវនកម្មចំពោះសវនដ្ឋាន ប្រសិនបើក្រុមហ៊ុន៖
- មានទំនាក់ទំនងសំខាន់ផ្នែកហិរញ្ញវត្ថុ និង/ឬ សេដ្ឋកិច្ច ដោយផ្ទាល់និងដោយប្រយោលជាមួយសវនដ្ឋាន
- មានសមាជិកគ្រួសារផ្ទាល់ជា ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង ប្រធានសវនកម្មផ្ទៃក្នុងប្រធានមុខងារប្រតិបត្តិតាម ប្រធានហិរញ្ញវត្ថុ និងបុគ្គលិកជាន់ខ្ពស់ពាក់ព័ន្ធផ្សេងទៀតរបស់សវនដ្ឋាន ឬ
- ទទួលអត្ថប្រយោជន៍ផ្ទាល់ ឬប្រយោលពីសវនដ្ឋាន និង/ឬ មានទំនាក់ទំនងផ្សេងទៀតដែលធនាគារជាតិនៃកម្ពុជាយល់ថា អាចបង្កឲ្យមានទំនាស់ផលប្រយោជន៍។
ក្រុមហ៊ុន មិនត្រូវផ្តល់ដល់សវនដ្ឋាននូវសេវា ដូចខាងក្រោម៖
- ការចុះកិច្ចបញ្ជិកា ឬសេវាផ្សេងទៀតទាក់ទងនឹងការកត់ត្រាគណនេយ្យ ឬរបាយការណ៍ហិរញ្ញវត្ថុ
- ការបង្កើតនិងការដាក់ឲ្យដំណើរការប្រព័ន្ធព័ត៌មានវិទ្យាផ្នែកហិរញ្ញវត្ថុ
- សេវាសវនកម្មផ្ទៃក្នុង
- សេវាប្រឹក្សាផ្នែកពន្ធ និង
- សេវាផ្សេងៗដែលធនាគារជាតិនៃកម្ពជាយល់ថា អាចបង្កឲ្យមានទំនាស់ផលប្រយោជន៍។
ក្នុងករណី ក្រុមហ៊ុនបានផ្តល់សេវាណាមួយដូចរៀបរាប់ខាងលើដល់សវនដ្ឋាន ក្រុមហ៊ុនមិនត្រូវចុះកិច្ចសន្យាសវនកម្មជាមួយសវនដ្ឋាននោះឡើយ លើកលែងតែការផ្តល់សេវាខាងលើត្រូវបានបញ្ចប់ទៅក្នុងរយៈពេលយ៉ាងតិច ០៣ (បី) ឆ្នាំ សម្រាប់ចំណុច ១ និង ០១ (មួយ) ឆ្នាំ សម្រាប់ចំណុចផ្សេងទៀតនៃប្រការនេះ។