ការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលេខ ៥០​ អនក្រ.បក ស្តីពីការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូច និងមធ្យម នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យម ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ កម្មវិធីគាំទ្រសហគ្រាសធុនតូច និងមធ្យមផ្សេងទៀតរួមមាន ការលើកទឹកចិត្តផ្នែកពន្ធដារ ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" មូលនិធិអភិវឌ្ឍន៍ជំនាញ (Skills Development Fund )និងសហគ្រាសខ្មែរ (Khmer Enterprise)។

និយមន័យ

ពាក្យ "សហគ្រាសធុនតូច" សំដៅដល់សហគ្រាសអាជីវកម្មគ្រប់ប្រភេទដែលមានផលរបរប្រចាំឆ្នាំចាប់ពី២៥០ លានរៀល ដល់ ៧០០ លានរៀល ឬ សហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូច ស្របតាមច្បាប់ និង បទប្បញ្ញត្តិស្តីពីពន្ធដារ ឬមានចំនួននិយោជិតចាប់ពី ១០ នាក់ ទៅ ៥០ នាក់ ។

ពាក្យ"សហគ្រាសធុនមធ្យម" សំដៅដល់សហគ្រាសអាជីវកម្មគ្រប់ប្រភេទដែលមានផលរបរប្រចាំឆ្នាំចាប់ពី ៧០០ លានរៀល ដល់ ៤០០០ លានរៀល ឬ សហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធមធ្យម ស្របតាមច្បាប់ និង បទប្បញ្ញត្តិស្លីពីពន្ធដារ ឬ មានចំនួននិយោជិតចាប់ពី ៥១ នាក់ ទៅ ១០០ នាក់ ។

វិស័យអាទិភាព

វិស័យអាទិភាពត្រូវបានកំណត់ដូចខាងក្រោម៖

១- សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត

២- ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម

៣- ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ

៤- កម្មន្តសាលផលិតទំនិញបម្រើឱ្យការនាំចេញ

៥-  កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក,  កែច្នៃកាកសំណល់  និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍

៦- កម្មន្តសាលផលិតនូវផលិតផលសម្រេច / ឬផលិតផលពាក់កណ្តាលសម្រេច  ឬផ្នែក  ឬគ្រឿងបង្គុំដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត

៧- ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័តិមាន ដែលមានលក្ខណៈនវានុវត្តន៍

៨-  អ្នកអភិវឌ្ឍន៍ពំបន់ប្រមូលផ្តុំសហគ្រាសធុនតួច និងមធ្យម

វិស័យអាទិភាពនេះ មិនរួមបញ្ចូលវិស័យដែលប៉ះពាល់ដល់សន្តិសុខសង្គម សុខភាព និងបរិស្ថាន។

ការលើកទឹកចិត្តផ្នែកគយ

ការលើកទឹកចិត្តផ្នែកគយមានដូចតទៅ៖

១- សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត ត្រូវបានទទួលបានប្រព្រឹត្តកម្មលើកលៃងពន្ធគយដូចនឹងសហគ្រាសបម្រើឱ្យការនាំចេញ។

២- សហគ្រាសបម្រើឱ្យការនាំចេញ ត្រូវបានលើកលែងពន្ធគយ លើសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម។ ក្នុងករណីធាតុចូលផលិតកម្មរបស់សហគ្រាសប្រភេទនេះ ត្រូវបានកែច្នៃហើយមិនបាននាំចេញ ត្រូវបំពេញកាតព្វកិច្ចពន្ធឡើងវិញលើធាតុចូលផលិតកម្ម នាពេលនាំចូល ក្រោយពីការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ។

៣- សហគ្រាសជាប្រភេទឧស្សាហកម្មគាំទ្រ ត្រូវបានលើកលែងពន្ធគយ លើសម្ភារបរិក្ខារផលិតកម្មសម្ភារសាងសង់ និងធាតុចូលផលិតកម្ម សម្រាប់ផលិតផ្គត់ផ្គង់ដល់សហគ្រាសបម្រើឱ្យការនាំចេញ។ ក្នុងករណីធាតុចូលផលិតកម្មរបស់សហគ្រាសប្រភេទនេះត្រូវបានកែច្នៃ ហើយមិនបានផ្គត់ផ្គង់ដល់សហគ្រាសបម្រើឱ្យការនាំចេញ ឬមិនបាននាំចេញដោយផ្ទាល់ ត្រូវបំពេញកាតពូកិច្ចពន្ធឡើងវិញលើធាតុចូលផលិតកម្មនាពេលនាំចូល ក្រោយពីការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ។

៤- សហគ្រាសបម្រើតម្រូវការក្នុងស្រុក ត្រូវបានលើកលែងពន្ធគយ  តែលើសម្ភារបរិក្ខារផលិតកម្មនិងសម្ភារសាងសង់។ ក្នុងករណីសហគ្រាសប្រភេទនេះ មានលទ្ធភាពនាំចេញនូវផ្នែកណាមួយនៃផលិតផលដែលផលិតដោយផ្ទាល់ បរិមាណធាតុចូលផលិតកម្មដែលបានបង់ពន្ធគយរួចយកទៅបម្រើការនាំចេញដោយផ្ទាល់ ឬដោយប្រយោលនោះ ត្រូវទទួលបានការលើកលែងពន្ធគយ ក្រោយពីការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ។

៥- ការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាព័តិមាន ត្រូវបានលើកលែងពន្ធគយ លើសម្ភារបរិក្ខារសម្រាប់តំឡើង និងប្រើប្រាស់ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាព័តិមានដែលមានលក្ខណះនវានុវត្តន៍។

៦- អ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម ត្រូវបានទទួលបានប្រព្រឹត្តកម្មលើកលែងពន្ធគយដូចនឹងសហគ្រាសបម្រើតម្រូវការក្នុងស្រុក។

ក្នុងករណីរកឃើញថាមានការប្រើប្រាស់ខុសគោលដៅ មុខទំនិញដែលទទួលបានការលើកទឹកចិត្តខាងលើ ត្រូវជាកម្មវត្ថុនៃការបំពេញកាតព្វកិច្ចពន្ធឡើងវិញ និងការពិន័យស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។