ការផ្គត់ផ្គង់មិនជាប់អាករ - បច្ចុប្បន្នភាពអាករលើតម្លៃបន្ថែម

នៅថ្ងៃទី 25 ខែឧសភា ឆ្នាំ 2017 អគ្គនាយកដ្ឋានពន្ធដារ បានចេញប្រកាសលេខ 559 ដើម្បីបញ្ជាក់ពីការផ្គត់ផ្គង់មិនជាប់អាករ សម្រាប់ការគណនាអាករលើតម្លៃបន្ថែម ។

ប្រកាសមានគោលបំណង កំណត់អោយបានច្បាស់លាស់នូវទំនិញឬសេវាមួយចំនួន ដែលជាកម្មវត្ថុនៃការផ្គត់ផ្គង់មិនជាប់អាករ ក៏ដូចជាការផ្តល់និយមន័យពាក់ព័ន្ធមួយចំនួន បន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ 2017។

ពីមុន សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ មិនត្រូវបានកំណត់ច្បាស់លាស់។ ប្រកាសលេខ ៥៥៩ ផ្តល់និយមន័យច្បាស់លាស់៖

ក. ប្រតិបត្តិការទទួលប្រាក់បញ្ញើ ផ្តល់ឥណទានឬឱ្យខ្ចីបុល ប៉ុន្តែមិនរួមបញ្ចូលកម្រៃសេវាដែលទាក់ទិននឹងការផ្តល់ឥណទានឬខ្ចីបុល
ខ. ការបោះផ្សាយលក់មូលបត្រនៅក្នុងទីផ្សារដំបូង ការជួញដូរមូលបត្រឬឧបករណ៍ហិរញ្ញវត្ថុដទៃទៀត និងសេវាផាត់ទាត់និងទូទាត់ក្នុងផ្សារមូលបត្រកម្ពុជា
គ. សេវាប្តូរប្រាក់បរទេស
ឃ. សេវាប្រាតិភោគ និង
ង. ការជួញដូរមាសដែលមិនទាន់កែច្នៃជាគ្រឿងអលង្ការ។

ការផ្គត់ផ្គង់ទំនិញឬសេវាដែលមិនជាប់អាករមានដូចខាងក្រោម៖

1. សេវាប្រៃសណីយ៍សាធារណៈ
2. សេវារបស់មន្ទីរពេទ្យនិងគ្លីនីក សេវាខាងវេជ្ជសាស្រ្ដ និងទន្តសាស្រ្ត និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្ត្រ និងទន្តសាស្រ្ត ដែលទាក់ទិននឹងការបំពេញសេវាទាំងនេះ។
3. សេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ។
4. សេវាធានារ៉ាប់រង
5. សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ
6. ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយស្របតាមបទប្បញ្ញត្តិស្តីពីគយ
7. សកម្មភាពមិនរកប្រាក់ចំណេញដើម្បីបម្រើផលប្រយោជន៍សាធារណៈ
8. សេវាសិក្សាអប់រំ
9. ថាមពលអគ្គិសនី និងទឹកស្អាត
10. ផលិតផលកសិកម្មមិនទាន់កែច្នៃ
11. សេវាប្រមូល ឬសម្អាតកាកសំណល់រឹង-រាវ