ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញ ប្រកាសលេខ ២០៩ សហវ.ប្រក ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារចំពោះគ្រឹះស្ថានឧត្តមសិក្សា ០២ មីនា ២០២០។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញ ប្រកាសលេខ ២០4 សហវ.ប្រក ស្តីពីកាតព្វកិច្ចសារពើពន្ធចំពោះសហគ្រាសប្រកបអាជីវកម្មជាភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ ២៨ កុម្ភៈ ២០២០ ដោយមានគោលផ្តល់ការលើកទឹកចិត្តពន្ធដារចំពោះវិស័យអប់រំ ដើម្បីជួយជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណវុឌ្ឍិខ្ពស់ និងជួយសម្រាលបន្ទុកចំណាយរបស់មាតាបិតា អាណាព្យបាលសិស្ស និស្សិត។
វិសាលភាព
ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះគ្រឹះស្ថានសិក្សា។ ពាក្យ “គ្រឹះស្ថានសិក្សា” សំដៅដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលផ្តល់សេវាសុទ្ធសាធខាងផ្នែកអប់រំ ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ឧត្តមសិក្សា។ គ្រឺះស្ថានសិក្សា រួមបញ្ចូលផងដែរនូវ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ការអនុគ្រោះពន្ធ
គ្រឹះស្ថានសិក្សាត្រូវបានទទួលការអនុគ្រោះដូចខាងក្រោម៖
១. ព្យួរទុកការបង់ពន្ធអប្បបរមា១% លើផលរបរប្រចាំឆ្នាំ រហូតដល់ដំណាត់ឆ្នាំ២០២៣។
២. ព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល រហូតដល់ដំណាច់ឆ្នាំ២០២៣។
៣. បង់ពន្ធលើប្រាក់ចំណូលតែក្នុងករណីដែលមានប្រាក់ចំណូលសុទ្ធប៉ុណ្ណោះ ពីព្រោះគ្រឹះស្ថានសិក្សាទទួលបានការព្យួរទុកពន្ធប្បបរមា ខាងលើ
ពន្ធកាត់ទុក
គ្រឹះស្ថានសិក្សា ត្រូវអនុវត្តកាតព្វកិច្ចពន្ធកាត់ទុក ដូចខាងក្រោម៖
១. ពន្ធកាត់ទុកលើការទូទាត់ជាសាច់ប្រាក់ឬជាវត្ថុ ឱ្យដល់អ្នកជាប់ពន្ធនិវាសនជនដែលមិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស តាមមាត្រា ២៥ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ។
ក- ត្រូវបានលើកលែងចំពោះ
- សេវានានារួមទាំងសេវាគ្រប់គ្រងឬពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល ដែលទាក់ទិនផ្ទាល់ទៅនឹងការសិក្សារបស់សិស្ស និស្សិត
- ការប្រាក់។
ខ- ត្រូវអនុវត្តកាតព្វកិច្ចពន្ធកាត់ទុកចំពោះ
- សេវាសាងសង់ វិស្វកម្ម ស្ថាបត្យកម្ម និងសេវាផ្សេងៗទៀត ដែលមិនទាក់ទិនផ្ទាល់និងការសិក្សារបស់សិស្ស និស្សិត
- ការជួលចលនឬអចលនទ្រព្យ និងសួយសារ។
២- ពន្ធកាត់ទុកលើការទូទាត់ជាសាច់ប្រាក់ឬជាវត្ថុ ឱ្យដល់អ្នកជាប់ពន្ធអនិវាសនជន តាមមាត្រា ២៦ ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ
ក- ត្រូវបានលើកលែងចំពោះ
- សេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានា ដែលទាក់ទិនផ្ទាល់នឹងការសិក្សារបស់សិស្ស និស្សិត
- ការប្រាក់ និងភាគលាភ។
ខ- ត្រូវអនុវត្តភាតពូកិច្ចពន្ធកាត់ទុកចំពោះសួយសារ ថ្លៃឈ្នួល និងប្រាក់ចំណូលផ្សេងៗទាក់ទិននឹងការប្រើប្រាស់ទ្រព្យសម្បត្តិ។
៣- ចំពោះការលើកលែងពន្ធកាត់ទុក ដួចមានចែងក្នុងវាក្យខណ្ឌ ក នៃកថាខណ្ឌ ១ នៃប្រការនេះ គ្រឺះស្ថានសិក្សាត្រូវមានវិក្កយបត្រត្រឹមត្រូវ ឬមានឯកសារបញ្ជាក់ច្បាស់លាស់អំពីការទូទាត់ និងត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធ ជារៀងរាល់ខែនូវព័តិមានអ្នកផ្គត់ផ្គង់សេវា តាមទម្រង់ដែលជាឧបសម្ព័ន្ធនៃប្រកាសនេះ។
អាករលើតម្លៃបន្ថែម
១- ការផ្គត់ផ្គង់សេវាអប់រំ និងការផ្គត់ផ្គង់ទំនិញឬសេវាផ្សេងទៀតដែលបម្រើឱ្យការអប់រំ រួមទាំងការផ្គត់ផ្គង់ម្ហូបអាហារ និងការស្នាក់នៅរបស់សិស្ស និស្សិត ត្រូវចាត់ទុកថាជាការផ្គត់ផ្គង់មិនជាប់អាករ។ អាករលើធាតុចូលលើទំនិញនិងសេវា ត្រូវបានទិញដោយគ្រឹះស្ថានសិក្សាសម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់មិនជាប់អាករ មិនត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទេ ប៉ុន្តែអាចអនុញ្ញាតឱ្យកាត់កងជាចំណាយបាន។
២- ចំពោះគ្រឹះស្ថានសិក្សាដែលមានសកម្មភាពដទៃ ក្រៅពីការផ្គត់ផ្គង់ទំនិញនិងសេវាដូចមានចែងក្នុងកថាខណ្ឌ ១នៃប្រការនេះ អាករលើធាតុចូលត្រូវគណនាតាមបទប្បញ្ញត្តិនៃមាត្រា ២៩ ដល់មាត្រា ៤9 នៃអនុក្រឹត្យស្តីពីអាករលើតម្លៃបន្ថែម។
ពន្ធអាករដទៃទៀត
គ្រឹះស្ថានសិក្សាត្រូវមានកាតព្វកិច្ចកាត់ទុកនិងបង់ពន្ធលើប្រាក់បៀវត្ស ព្រមទាំងបង់ពន្ធនិងអាករដទៃទៀតស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
កាតព្វកិច្ចរបស់គ្រឹះស្ថានសិក្សា
គ្រឹះស្ថានសិក្សាត្រូវមានកាតព្វកិច្ច ដូចខាងក្រោម៖
ដាក់ជូនរដ្ឋបាលសារពើពន្ធនូវរបាយការណ៍សវនកម្មពីស្នងការគណនេយ្យឯករាជ្យ ចំពោះគ្រឹះស្ថានសិក្សាដែលមានផលរបរប្រចាំឆ្នាំលើសពី ៤ ០០០ លានរៀល។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: