ច្បាប់ស្តីពីការប្រកួតប្រជែង ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១០២១/០១៣ នាថ្ងៃទី ៥ តុលា ឆ្នាំ២០២១។
ច្បាប់នេះកំណត់អំពីសកម្មភាពដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែង ព្រមទាំងបង្កើតនិងកំណត់សមត្ថកិច្ចរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ក្នុងគោលបំណងដើម្បីលើកទឹកចិត្តឱ្យមានទំនាក់ទំនងធុរកិច្ចដោយស្មើភាពនិងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញឱ្យមានការបង្កើតធុរកិច្ចថ្មីៗ និងជួយអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញនិងសេវាមានគុណភាពខ្ពស់ ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។
ការរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែង
ការព្រមព្រៀងដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែង
ការព្រមព្រៀងដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែង ត្រូវបានហាមឃាត់ការបង្កើតនិងការអនុវត្តការព្រមព្រៀងខ្សែដេកដោយផ្ទាល់ឬប្រយោលដែលប៉ះពាល់់ដល់ការប្រកួតប្រជែងដូចខាងក្រោម៖
១. ការព្រមព្រៀងការកំណត់ថ្លៃ គ្រប់គ្រងថ្ងៃ រក្សាថ្លៃ ចំពោះទំនិញឬសេវា។
២. ការព្រមព្រៀងការរារាំង រឹតត្បិត កម្រិត៖
៣. ការព្រមព្រៀងការបែងចែកតំបន់ភូមិសាស្រ្តរវាងគូប្រកួតប្រជែង
៤. ការព្រមព្រៀងការបែងែអតិថិជនរវាងគូប្រកួតប្រជែង
៥. ការដេញថ្លៃទាំងឡាយណាដែលមានទំនោរទៅរកតែអ្នកដេញថ្លៃតែមួយ ដើម្បីទទួលបានកិច្ចសន្យាដេញថ្លៃនោះសម្រាប់ការធ្វើលទ្ធកម្មឯកជន។
ត្រូវបានហាមឃាត់ការ ការបង្កើតនិងការអនុវត្តការព្រមព្រៀងខ្សែឈរដែលមានឬអាចមានកម្មវត្ថុ ឬអានុភាព រារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារដូចខាងក្រោម៖
១. ការតម្រូវឱ្យអ្នកទិញលក់បន្តនូវទំនិញឬសេវានានា ដែលបានទិញតែនៅក្នុងទីតាំងភូមិសាស្រ្តកំណត់ណាមួយ។
២. ការតម្រូវឱ្យអ្នកទិញលក់បន្តនូវទំនិញឬសេវានានា ដែលបានទិញទៅឱ្យអតិថិជនជាក់លាក់ណាមួយឬប្រភេទអតិថិជនជាក់លាក់ណាមួយ។
៣. ការតម្រូវឱ្យអ្នកទិញទទួលយកនូវលក្ខខណ្ឌទាំងអស់ឬស្ទើរតែទាំងអស់សម្រាប់ការទិញទំនិញឬសេវាជាក់លាកណាមួយពីអ្នកលក់នោះតែមួយប៉ុណ្ណោះ។
៤. ការរារាំងអ្នកលក់ពីការលក់ទំនិញឬសេវាទៅឱ្យអ្នកទិញផ្សេងទៀត។
៥. ការតម្រូវឱ្យអ្នកទិញទិញគួបទំនិញឬសេវាដែលមិនពាក់ព័ន្ធដទៃទៀត បន្ថែមពីលើទំនិញឬសេវាអ្នកទិញចង់ទិញ។
សកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ
ត្រូវបានហាមឃាត់ ចំពោះសកម្មភាពបំពានដោយបុគ្គលមានជំហរឧត្តមភាពលើទីផ្សារ ប្រសិនបើសកម្មភាពនោះបានធ្វើដោយបុគ្គលណាមួយដែលមានជំហរឧត្តមភាពលើទីផ្សារ ហើយសកម្មភាពនោះមានកម្មវត្ថុ ឬអានុភាពរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារណាមួយដូចខាងក្រោម៖
១. ការតម្រូវឬការបញ្ចុះបញ្ចូលឱ្យអ្នកផ្គត់ផ្គង់ឬអតិថិជនមិនឱ្យធ្វើអាជីវកម្មជាមួយគូប្រកួតប្រជែងណាមួយ។
២. ការបដិសេធមិនព្រមផ្គត់ផ្គង់ទំនិញឬសេវាឱ្យប្រកួតប្រជែងណាមួយ។
៣. ការលក់ទំនិញឬសេវាក្នុងលក្ខខណ្ឌដែលអ្នកទិញត្រូវទិញទំនិញឬសេវាផ្សេងៗ ដោយឡែកដែលមិនទាក់ទងនឹងកម្មវត្ថុនៃកិច្ចសន្យា។
៤. ការលក់ទំនិញឬសេវាទាបជាងថ្លៃដើមផលិត។
៥. ការបដិសេធមិនឱ្យគូប្រកួតប្រជែងណាមួយប្រើប្រាស់មធ្យោបាយចាំបាច់។
ការរួមបញ្ចូលគ្នានៃធុរកិច្ច
ការរូមបញ្ចូលគ្នានៃធុរកិច្ចទាំងឡាយណាដែលមាន ឬអាចមានកម្មវត្ថុ ឬអានុភាពរារាំងរឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារ ត្រូវបានហាមឃាត់។
ការលើកលែងការរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែង
ការរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងអាចត្រូវលើកលែង ប្រសិនបើការព្រមព្រៀងឬសកម្មភាពទាំងនោះបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
១. ផ្តល់នូវអត្ថប្រយោជន៍សំខាន់ដោយផ្ទាល់ដល់បច្ចេកវិទ្យា សង្គម ឬសេដ្ឋកិច្ច។
២. អត្ថប្រយោជន៍ទាំងនោះអាចនឹងមិនកើតមានឡើយ ប្រសិនបើគ្មានការព្រមព្រៀងឬសកម្មភាពដែលត្រូវបានហាមឃាត់ទាំងនោះទេ។
៣. អត្ថប្រយោជន៍ទាំងនោះមានច្រើនជាងផលប៉ះពាល់ដែលកើតពីការរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់។
៤. មិនលុបបំបាត់ការប្រកួតប្រជែងលើផ្នែកសំខាន់ៗណាមួយរបស់ទំនិញឬសេវា។
ទោសប្បញ្ញត្តិ
បុគ្គលដែលបំពានការព្រមព្រៀងដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែង សកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ ការរួមបញ្ចូលគ្នានៃធុរកិច្ច ត្រូវទទួលការព្រមានជាលាយលក្ខណ៍អក្សរ និងផាកពិន័យជាប្រាក់ទី៣% ទៅ១០% ដោយគ.ប.ក. នៃផលរបរសរុបរបស់បុគ្គលដែលទទួលបានក្នុងកំឡុងពេលដែលការបំពានច្បាប់បានកើតឡើង និងមិនលើសពីរយៈពេល៣(បី)ឆ្នាំ)។
ក្នុងករណីទទួលនូវការព្រមានជាលាយលក្ខណ៍អក្សរនិងការផាកពិន័យជាប្រាក់ម្តងរួចមកហើយ នៅតែបន្តប្រព្រឹត្តល្មើសដូចកថាខណ្ឌទី១នៃមាត្រានេះ ត្រូវព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្ម។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: