ម៉ាក ពាណិជ្ជនាម
Subject: Commerce

ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ត្រូវបានប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រមលេខ នស/រកម/០២០២/០០៦ ចុះថ្ងៃទី០៧​ ខែកុម្ភៈ ឆ្នាំ២០០២។ ច្បាប់នេះមានគោលដៅការពារម៉ាក ពាណិជ្ជនាម ដែលបានចុះបញ្ជីក្នុងបញ្ជីម៉ាក ក្នុងព្រះរាជាណាចក្រកម្ពុជា និងរារាំងមិនឱ្យមានការប្រកួតប្រជែងអយុត្តិធម៌លើការបង្កើត ការប្រើប្រាស់ម៉ាក និងពាណិជ្ជនាម។

វាក្យសព្ទសំខាន់ៗ

ម៉ាក គឺជាសញ្ញាដែលមើលឃើញ ហើយអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។ ម៉ាកដែលប្រើប្រាស់សម្រាប់ទំនិញ ហៅថាពាណិជ្ជសញ្ញា ហើយម៉ាកដែលប្រើប្រាស់សម្រាប់សេវាហៅថា សេវាសញ្ញា។

ម៉ាកសមូហភាព គឺជាសញ្ញាដែលមើលឃើញ សំដៅប្រើក្នុងការដាក់ពាក្យសុំចុះបញ្ជី ហើយអាចសម្គាល់នូវប្រភពដើមនៃទំនិញ ឬសេវា ឬសម្គាល់នូវចរិតលក្ខណៈរួមដទៃទៀត គិតទាំងគុណភាពនៃទំនិញ ឬសេវារបស់សហគ្រាសផ្សេងៗគ្នា ដែលប្រើសញ្ញានោះ ក្រោមការគ្រប់គ្រងរបស់ម្ចាស់ម៉ាកសមូហភាពដែលបានចុះបញ្ជី។

ពាណិជ្ជនាម គឺជាឈ្មោះ ឬសញ្ញាសម្គាល់ ឬជាឈ្មោះ និងសញ្ញាសម្គាល់សម្រាប់បញ្ជាក់ និងសម្គាល់លក្ខណៈខុសៗគ្នានៃសហគ្រាសនីមួយៗ។

អំពីអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់

អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ជាអំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តទៀងត្រង់ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលអំពើនោះមានដូចជា៖

  • បង្កើតឱ្យមានការភ័ន្តច្រឡំ ជាមួយសហគ្រាស ទំនិញ សកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង
  • ពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម នាំឱ្យខូចកេរ្តិ៍ឈ្មោះគូប្រកួតប្រជែង
  • ការបញ្ជាក់ ឬអះអាងដែលនាំឱ្យសាធារណជនភ័ន្តច្រឡំអំពីប្រភេទ ដំណើរការផលិត លក្ខណៈ ភាពសមស្រប សម្រាប់គោលបំណងរបស់គេ ឬបរិមាណនៃទំនិញ។

បទល្មើស និងទោសប្បញ្ញត្តិ

បទល្មើស ទោសប្បញ្ញត្តិ
ការផ្តល់ព័ត៌មានមិនពិតចំពោះឯកសារពាក់ព័ន្ធនឹងការចុះបញ្ជី ឬពាក្យសុំបណ្តឹងជំទាស់ ពន្ធនាគារ ១ខែ ទៅ៦ខែ និង/ឬ ពិន័យជាប្រាក់ពី ១លាន ទៅ៥លានរៀល
ក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាម ពន្ធនាគារ ១ខែ ទៅ៥ឆ្នាំ និង/ឬ ពិន័យជាប្រាក់ពី ១លាន ទៅ២០លានរៀល
នាំចូល លក់ ប្រកាសលក់ ឬមានបំណងលក់ដោយចេតនាទំនិញពាក់ម៉ាកក្លែងក្លាយ ឬមានចេតនាផ្តល់សេវាចំពោះសេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមក្លែងបន្លំ ពន្ធនាគារ ១ខែ ទៅ៥ឆ្នាំ និង/ឬ ពិន័យជាប្រាក់ពី ១លាន ទៅ២០លានរៀល
ត្រាប់តាមពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាម ពន្ធនាគារ ១ខែ ទៅ១ឆ្នាំ និង/ឬ ពិន័យជាប្រាក់ពី ៥លាន ទៅ១០លានរៀល
នាំចូល លក់ ប្រកាសលក់ ឬមានបំណងលក់ដោយចេតនាទំនិញដែលមានម៉ាកត្រាប់តាមគេ ពន្ធនាគារ ១ខែ ទៅ១ឆ្នាំ និង/ឬ ពិន័យជាប្រាក់ពី ៥លាន ទៅ១០លានរៀល