សារាចរលេខ ០១១ សហវ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ស្តីពីការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែម ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងការប្រកបការងារប្រចាំថ្ងៃរបស់កម្មករ និយោជិត នៃរោងចក្រ សហគ្រាសទាំងអស់ ប្រាក់ឧបត្ថម្ភមួយចំនួនដែលកម្មករនិយោជិតទទួលបានពីការបំពេញការងារ ត្រូវបានអនុគ្រោះដោយមិនគិតបញ្ចូលទៅក្នុងមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស និងមិនមែនជាកម្មវត្ថុនៃពន្ធលើអត្ថប្រយោជន៍បន្ថែមទេ។ ប្រាក់ឧបត្ថម្ភទាំងនោះមានដូចខាងក្រោម៖
១. សោហ៊ុយធ្វើដំណើរពីកន្លែងស្នាក់នៅទៅទីកន្លែងធ្វើការ និងពីទីកន្លែងទៅកន្លែងស្នាក់នៅ ព្រមទាំងការឧបត្ថម្ភថ្លៃស្នាក់នៅ ឬការផ្តល់កន្លែងស្នាក់នៅក្នុងបរិវេណទីកន្លែងធ្វើការ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ការងារ។
២. ប្រាក់ថ្ងៃដែលផ្តល់ឱ្យកម្មករនិយោជិតទាំងអស់ដោយគ្មានបែងចែកតាមតួនាទីឬមុខងារ។
៣. មូលនិធិបេឡាសន្តិសុខសង្គមឬមូលនិធិសុខមាលភាពសង្គមក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់។
៤. ប្រាក់ធានារ៉ាប់រងសុខភាពឬបុព្វលាភធានារ៉ាប់រងអាយុជីវិតឬសុខភាពដែលផ្តល់ឱ្យដល់កម្មករនិយោជិតគ្រប់គ្នាដោយគ្មានការបែងចែកតាមតួនាទីឬមុខងារ។
៥. ប្រាក់ឧបត្ថម្ភទារកឬចំណាយទារកដ្ឋាន ដែលមានចែងក្នុងបទប្បញ្ញត្តិនៃច្បាប់ការងារ។
៦. ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាឬប្រាក់បំណាច់នៃការបញ្ឈប់លែងឱ្យធ្វើការ ក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់ការងារ។
ដើម្បីទទួលបានការអនុគ្រោះខាងលើនេះ រោងចក្រ សហគ្រាស ត្រូវដាក់ជូនអគ្គនាយកដ្ឋានពន្ធដារនូវឯកសារ ដែលជាគោលនយោបាយឧបត្ថម្ភដល់កម្មករនិយោជិតរបស់ខ្លួន សម្រាប់រយៈពេលកំណត់នីមួយៗ។
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: