ការកែសម្រួលការអនុវត្តពន្ធកាត់ទុកលើការបែងចែកភាគលាភ
Applicable Industries: គ្រប់វិស័យ

នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសលេខ ៣៧២ ស្តីពីការកែសម្រួលការអនុវត្តពន្ធកាត់ទុកលើការបែងចែកភាគលាភ (ប្រកាសលេខ ៣៧២)

គោលបំណងនៃប្រកាសលេខ ៣៧២ គឺកែសម្រួលការដាក់ចេញនូវវិធានសម្រាប់កំណត់អំពីការអនុវត្តពន្ធកាត់ទុកលើការបែងចែកភាគលាភ ដែលអ្នកជាប់ពន្ធនិវាសនជនត្រូវបង់ជូនអ្នកជាប់ពន្ធអនិវាសនជន។ ប្រកាសនេះមានវិសាលភាព អនុវត្តចំពោះអ្នកជាប់ពន្ធក្រោមរបបស្វ័យប្រកាសដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។

អនុលោមតាមមាត្រា ២៦ ថ្មី (មួយ) និងមាត្រា ៣៣ ថ្មីនៃច្បាប់ស្តីពីសារពើពន្ធ ភាគលាភដែលបានបែងចែក ដោយអ្នកជាប់ពន្ធនិវាសនជន ឱ្យទៅជូនអ្នកជាប់ពន្ធអនិវាសនជន ត្រូវជាប់ពន្ធកាត់ទុកតាមអត្រា 14% នៃទឹកប្រាក់ត្រូវបើក។

ការបង្វែរពីចំណែកមួយ ឬទាំងស្រុងលើប្រាក់ចំណូលរក្សាទុកទៅក្នុងមូលធន ឬដើមទុនភាគហ៊ុនមិនត្រូវបានចាត់ទុកជាការចែកចាយភាគលាភ និងមិនជាប់ពន្ធកាត់ទុកទេ។ ការបង្វែរបែបនេះត្រូវចាត់ទុកជាការត្រឹមត្រូវ ប្រសិនបើសហគ្រាសបានបំពេញ លក្ខខណ្ឌដូចខាងក្រោម ៖

  • មានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលរបស់សហគ្រាស
  • មានភ័ស្តុតាងច្បាស់លាស់អំពីការកែប្រែមូលធនដោយមានការទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច។

សហគ្រាសដែលបានធ្វើការទូទាត់ភាគលាភ ឱ្យទៅអ្នកជាប់ពន្ធអនិវាសនជន ត្រូវដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធកាត់ទុកជូនរដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់ពីខែដែលបានធ្វើការទូទាត់។

សម្រាប់គោលបំណងនៃពន្ធកាត់ទុក ទឹកប្រាក់ភាគលាភដែលបានត្រូវកត់ត្រាក្នុងបញ្ជីគណនេយ្យ ត្រូវចាត់ទុកថាបានទូទាត់។

ប្រកាសលេខ ៥១៨ សហវ ចុះថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការអនុវត្តពន្ធកាត់ទុកលើការបែងចែកភាគលាភ ត្រូវទុកជានិរាករណ៍។